អ្នកចាំទីដៃទី1ដ៏ឆ្នើមរបស់ក្រុមអ៊ីតាលី កីឡាករ Gianluigi Donnarumma បានចុះកុងត្រារយៈពេល5ឆ្នាំជាមួយក្លឹប Paris St Germain ។កីឡាករវ័យ22ឆ្នាំរូបនេះ ផ្ទេរទៅកាន់ PSG ក្រោយគេបានបញ្ចប់កុងត្រាថ្មីក្លឹប AC Milan ដែលជាក្លឹបគេចូលរួមលេងចាប់តាំងពីឆ្នាំ2013មកម៉្លេះ។ ហើយ Donnarumma បានចូលលេងនៅក្រុមឈុតធំនៅ AC Milan នៅអាយុ16ឆ្នាំ ក្នុងឆ្នាំ2015 ហើយគេបានបង្ហាញខ្លួនជាង200ប្រកួតនៅលីគ Serie A ។
\r\n\r\n\r\n\r\n
ការបញ្ជាក់ពីការផ្ទេរទៅកាន់ PSG នេះ គឺ3ថ្ងៃក្រោយ Donnarumma បានបង្ហាញខ្លួនលើកទី33ប្រកួតនៅក្រុមជម្រើសជាតិ និងបានជួយក្រុមអ៊ីតាលីឈ្នះពាន Euro2020 និងបានក្លាយជាកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៏នេះ។គេបានចូលរួមចំណែកដោយបានរក្សាសំណាញ់ទីឲ្យនៅស្អាតចំនួន3ប្រកួត និងសង្គ្រោះបាល់ប៉េណាល់ទី1គ្រាប់ក្នុងការទាត់បាល់ប៉េណាល់ទីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទល់ក្រុមអេស្ប៉ាញ ហើយសង្គ្រោះបាល់2គ្រាប់បន្ថែមទៀតក្នុងការប្រកួតទល់ក្រុមអង់គ្លេសក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលអ៊ីតាលីឈ្នះពានកាលពីថ្ងៃអាទិត្យ៕
\r\n\r\n\r\n\r\n
ប្រភព ៖ Sportsmole
By: Admin1